វាចា​អ្នក​និពន្ធ

ខ្ញុំ​មិនដឹងថាខ្លួនខ្ញុំធ្លាប់ជាក្មេងបែបណាទេ គ្រាន់តែបានដឹងថា ​ខ្ញុំ​ធ្លាប់​​ចូល​ចិត្តតែងនិពន្ធតាំងពីចេះសរសេរអក្សរខ្មែរដំបូង​មកម្ល៉េះ ។​

ខ្ញុំ​ធ្លាប់តែង រឿងព្រេងបុរាណតាំងពីថ្នាក់ទី៤មកម្ល៉េះ (ចាំ​មាន​ពេល​ទំនេរ ខ្ញុំនឹងសរសេរឡើងវិញព្រោះនៅចាំខ្លះដែរ)  កាល​នោះ​ក៏​បាន​យកឲ្យមិត្តភក្តិអានដែរ តែ​ពេល​អាន​ហើយ​គ្មាន​នរណា​សរសើរ​សោះ  ប៉ុន្តែខ្ញុំមិនដែលអាក់អន់ចិត្តឬ បាក់ទឹកចិត្តអ្វីឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំតែងគិតថា មនុស្សផ្សេងគ្នាតែងមានគំនិតផ្សេងៗពីគ្នា។

ក្រោយ​មក​មិន​ដឹង​ថា​ហេតុ​អ្វី​ទេ​ឲ្យ​តែ​ខ្ញុំ​ជួប​នឹង​អារម្មណ៌​អ្វី​ថ្មីៗ​ជា​ពិសេស​គឺ​ជួប​មិត្តភក្តិថ្មីតែម្តងខ្ញុំតែងតែសរសេរទុកឬ តែង​ជា​កំណាព្យ​ក៏​មាន​ដែរ​រហូត​មក​ដល់​ពេល​ចូល​មហា​វិទ្យាល័យ​ទើប​ឈប់​តែង​ព្រោះ​រវល់​ពេក។​តែ​មិន​ដឹង​ថា​សៀវភៅ​ឬ​ក្រដាស​កំណាព្យ​អស់​ហ្នឹង​ទៅណាអស់ហើយទេ។ សង្ស័យ​តែ​ម៉ាក់​យក​ខ្ចប់​អីវ៉ាន់​អស់​ក៏​មិន​ដឹង​ព្រោះ​កាល​នោះ​លក់​ចាប់​ហ៊ួយ​នៅ​ផ្ទះ​ផង​បើ​មិន​អញ្ចឹង​ក៏​លក់​អេត​ចាយ​អស់ដែរ)។

ទើប​តែ​ប៉ុ​ន្មាន​ថ្ងៃ​មុន​រក​ឃើញ​សៀវភៅ​កំរង​អនុស្សាវរីយ៌​ចាស់​មួយ​ក្បាល​ដែល​ស្រមោច​យក​ទៅ​ធ្វើ​សំបុក​ក្នុងនោះ​ខ្ញុំក៏បាន​បើក​ឃើញ​ក្រដាស​កំណាព្យ​មួយ​ចំនួន​ផង​ទើប​យក​មក​ចង​ក្រង​ទុក​កុំឲ្យ​បាត់​ទៀត​។

វាចាចិត្តកំរងអនុស្សាវរីយ៌

ឱ!មិត្តទាំងឡាយទាំងប្រុសស្រី ដែលមាននិស្ស័យគួររាប់អាន
ខ្ញុំមានចិត្តរំភើបពេញប្រាណ រីករាយហួសប្រមាណមកពីអ្វី?

គឺព្រោះតែរូបពៅនឹមនួន កាន់ស្លាបប៉ាកាខ្លួនក្លែងកវី
ចារនូវអក្ខរាថ្លែងសំដី ផុសពីចិត្តនូវម្ចាស់សៀវភៅ។

ខ្ញុំពិតជាមិនដែលនឹកស្មាន ថាជួបកល្យាណមិត្តប្រុសស្រី
ជាមិត្តល្អពិតដូចស្រម៉ៃ ក៏រៀបរៀងនូវមិត្តកំរង។

សូមមិត្តទាំងអស់ផ្តល់កិត្តិយស ចូលរួមចំពោះការចងក្រង
ឆ្លើយតបនឹងទឹកចិត្តខ្ញុំផង រាប់អានកន្លងដល់គ្រប់គ្នា។

កាលៈទេសៈមិនទៀងទាត់ ថាយើងត្រូវព្រាត់គ្នាពេលណា?
ហើយជួបគ្នាវិញឬយ៉ាងណា? នោះត្រូវរក្សានូវស្សាវរីយ៌។

សូមសន្យាថានឹងខិតខំ រក្សារៀបចំស្មើជីវី
ដូចមិត្តភាពយើងដែលនារី ខំរក្សាពីដើមរៀងមក។

មិត្តទាំងអស់ពិតមានតម្លៃ ធំធេងពេកក្រៃសំរាប់ខ្ញុំ
មិត្តបានរួមចំណែកជួយមុំ សំរេចការក្នុងឆាកជីវិត។

ក្នុងវ័យសិក្សាឬយុវវ័យ សូមមិត្តប្រុសស្រីជួយរិះគិត
វ័យនេះមានន័យសំខាន់ពិត ក្នុងការប្រឹងគិតស្វ័យសិក្សា។

ដូចជាការយើងសេពគប់មិត្ត យើងត្រូវពិនិត្យពិចារណា
ស្វែងរកមិត្តណាដែលថ្លៃថ្លា ឲ្យការសិក្សារីកចំរើន។

បញ្ចប់ខ្ញុំសូមលាសិនចុះ បើមានទាស់ខុសឆ្គងសំដី
ត្បិតខ្ញុំនេះមិនមែនកវី សូមមិត្តប្រុសស្រីអភ័យទោស។

ហើយខ្ញុំក៏សូមលើកហត្ថា ប្រណមវាចាថ្លែងបួងសួង
ដល់គុណព្រះរតនត្រៃនៃយើង វត្ថុស័ក្តិសិទ្ធផងក្នុងលោកា។

សូមលោកជួយឲ្យពរឲ្យជ័យ មិត្តទាំងប្រុសស្រីជួបសុខា
ជួបតែរុងរឿងរាល់កិច្ចការ សុខភាពល្អណាអាយុវែង៕

​​​​​​​​​​​ ​​​​​​​ ​​​​​​​​​​​​​​​​​ភំ្នពេញ ឆ្នាំ២០០៣

Thursday, October 14, 2010

ខំរៀនរស់ខ្លួនឯង

រាល់ថ្ងៃដូចជាមានតែរូប អ្វីៗត្រូវព្រាត់ជារលាយ
ក្នុងចិត្តស្រណោះគ្មានល្ហែល្ហើយ តើថ្ងៃណាឡើយស្បើយឱរា។

ខ្លួនឯងជាមនុស្សធំពេញវ័យ តាំងពីដឹងក្តីមិនដែលណា
ជួបនូវឧបសគ្គផាត់វាសនា ធ្វើឲ្យចិន្តាសែនរន្ធត់។

អ្នកម៉ាក់លោកប៉ាកូននឹកណាស់ តែកូនដឹងច្បាស់មិនរលត់
លោកផ្តល់ទឹកចិត្តថ្លៃបំផុត ឲ្យចិត្តថ្លាមុតនឹងខំប្រឹង។

រូបលោកទាំងពីរតែងគាំពារ ផ្តល់ជាមាគ៌ាដល់រូបខ្ញុំ
តែកូនមិនឡើយស្បើយអារម្មណ៌ ព្រោះកូនរៀនខំរស់ខ្លួនឯង។

2 comments:

  1. ទោះបីជាពេលវេលាកន្លងផុតប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​ដែល​ខ្ញុំ​បាន​បែក​ពី​ម៉ាក់​ប៉ា​របស់​ខ្ញុំ ក៏ដោយ​កាលនោះ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៌​ចង់​តែង​កំណាព្យ​ដែល​ផុស​ពីអារម្មណ៌ខ្លួនឯងជានិច្ច ព្រោះខ្ញុំនៅមានពេលគ្រប់គ្រាន់ ដើម្បី​គិត​ពី​វា ៕

    ReplyDelete
  2. ល្ងាចនេះ ខ្ញុំមិនសប្បាយចិត្តទេ ទោះជាតាំងពីព្រឹកមក ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ជួបជុំមិត្តភក្តិក៏ដោយ។ ខ្ញុំមានអារម្មណ៌ថា អ្វី​ដែល​ខ្ញុំ​ខំ​ប្រឹង​កន្លង​មក សុទ្ធ​តែ​បាន​ជួយ​ខ្លួន​ឯង​មួយ​ពេល​ៗ​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ដឹង​ណាស់ តើជីវិត​ខ្ញុំ​នឹង​ត្រូវ​រ៉ាប់​រង​លើ​អ្វី​បន្ត​ទៀត​?? ខ្ញុំ​តែង​សួរ​ខ្លួន​ឯង​ថា សព្វថ្ងៃមាន​នរណាខ្លះអាចធ្វើអ្វីៗដើម្បីខ្ញុំ?? ទីបំផុត ចម្លើយ​គឺ​មាន​តែខ្ញុំម្នាក់ឯង និងខ្ញុំម្នាក់គត់។ អ្វី​តែ​មួយ​គត់​ដែល​ម៉ាក់​ប៉ា​ផ្តល់​ទុក​សំរាប់​​ខ្ញុំ​នោះ​គឺ​កិត្តិយស​ និង​ភាព​ជា​មនុស្ស​ស្រី​ឆ្អឹង​ប្រុស​ដែល​វាសនា​បាន​កំណត់​ឲ្យ​ខ្ញុំ។ ខ្ញុំ​មាន​មិត្ត​ភក្តិ​ច្រើន​ណាស់​ដែល​សុទ្ធសឹង​ជា​មនុស្ស​មាន​បង្អែក​រឹង​មាំ សំរាប់​ជីវិត​។ ឪពុក​ម្តាយ​និងចាស់​ទុំ​របស់​គេ​បាន​ផ្តល់​នូវទុន​យ៉ាង​ច្រើន​ទុក​ដល់​គេ។ ប៉ុន្តែ ខ្ញុំ​សប្បាយ​ចិត្ត និង​អាច​ញញឹម​បាន​នៅ​ពេល​ដែល​ខ្ញុំ​បាន​នឹក​ឃើញ​ថា មានអ្វីមួយ​ដែល​មាន​តម្លៃមិនអាច​កាត់ថ្លៃ​បាន​ ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ខ្ញុំនោះ​គឺបទ​ពិសោធន៌​ជីវិត​ដែល​អាច​រស់ដោយ​ខ្លួន​ឯង​បាន ដែល​អាច​ជួយ​រក្សា​កិត្តិយស​របស់​កូន​ស្រី ទោះ​បី​ជា​មិនមែន​ជា​ទ្រព្យ​សម្បត្តិ ដែលមនុស្ស​គ្រប់​គ្នា​កំពុង​សង្វាត​ស្វែងរក​ក៏​ដោយ។ ខ្ញុំ​ជឿ​ថា ធម្មជាតិ​នឹង​មិន​ឲ្យ​មនុស្ស​ដែល​កំពុង​ត្រដរ​រស់ប្រកប​ដោយភាព​ជឿ​ជាក់​ស្លាប់​នោះ​ទេ ៕

    ReplyDelete